ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយបេក្ខភាពជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ ២០២៦

    (ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខភាពជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

   

   ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសាលប្រជុំធំ (អគារតេជោបូព៌ា) នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, លោកគ្រូ អ្នកគ្រូ, អាណាព្យាបាល ព្រមទាំងបេក្ខភាពសិស្សានុសិស្សជ័យលាភីយ៉ាងច្រើនកុះករ។ 

    

   យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បេក្ខភាពជ័យលាភីដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ គឺជាសិស្សានុសិស្សឆ្នើមដែលបានឆ្លងកាត់ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្តលើវិញ្ញាសាចំនួន ៣ រួមមាន៖ អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា សម្រាប់កម្រិតថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

   

  មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស រហូតទទួលបានជ័យលាភីជាសិស្សពូកែប្រចាំខេត្តនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការអប់រំទូន្មានប្រៀនប្រដៅ និងជ្រោមជ្រែងដល់សិស្សានុសិស្សឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ខេត្ត និងប្រទេសជាតិ។ 

    

   ពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការផ្ដល់នូវកិត្តិយស និងការលើកទឹកចិត្តដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងកិច្ចការលើកកម្ពស់គុណភាពវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតជាតិ៕

ព័ត៌មានទាក់ទង